កម្ពុជាអបអរសាទរដែលល្ខោនខោលបាន ដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស
នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពី ថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យ នៃការដាក់បញ្ចូលនូវល្ខោនខោល នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើង បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជា តួអង្គមួយដ៏លេចធ្លោ នៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រថែរក្សាការពារ និងលើកតម្កើងតម្លៃ បេតិកភណ្ឌវប្បធម៌ជាតិយើង៕