ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង៖ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដេីម្បីធានាលេីសន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំ បច្ចេកទេសនានា ការលាងសម្អាតមុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

23

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រីពាក់ព័ន្ធនិងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លេីការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដេីម្បីធានាលេី សន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំ បច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វាក្នុងន័យធ្វេីយ៉ាង​ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់​ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើមដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្នុងដំណេីរពិនិត្យលេីការរៀបចំនេះ ឯកឧត្តម ឃួង ស្រេង បានត្រួតពិនិត្យបន្ថែម ជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំ សន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដេីមដេីម្បី​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹត្តិការបាល់ទាត់​មិត្តភាព​ដើម្បីអបអរសាទរ​ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​”​ នៅថ្ងៃទី​២៩​ ខែធ្នូ​  ឆ្នាំ​២០២៤នេះ​ ។
ដេីម្បីឱ្យកាន់មានសោភ័ណ្ឌភាព និងមានអនាម័យ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេន ទាំងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិមរតកតេជោបន្ថែមទៀតផងដែរ ។
សូមរំលឹកថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ តាមការគ្រោងទុកនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។
គួរបញ្ជាក់ថា៖ក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ចំពោះព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ឯកឧត្ដមបន្តថាព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការប្រកួតចំនួន២គូ ។ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ដោយគ្រោង អ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ហើយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA នៅវេលាម៉ោង១៧:០០នាទី៕

អត្ថបទដែលជាប់ទាក់ទង