អភិបាលរាជធានីឯកឧត្ដម ឃួង ស្រេង អញ្ជើញ ចុះពិនិត្យមើល ការលក់ដូរ ការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាថា ព្រឹត្តិការណ៍ «សាទរកម្ពុជា»ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអមដំណើរដោយឯកឧត្ដមអភិបបាលរងរាជធានីនារសៀលថ្ងៃទី៣០ធ្នូ២០២៤នេះ បាននឹងនាំមន្ត្រីអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីចុះពិនិត្យមើល លេីការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ដែលនឹងប្រារព្វធ្វើនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។
ឯកឧត្ដមឃួង ស្រេង បានចុះពិនិត្យមើលការលក់ដូរបស់បងប្អូនអាជីករក៏ដូចក្រុមហ៊ុនឯកជនដែលដាក់តាំងលក់ផលឹផលក្នុងស្រុកនិងក្រៅស្រុកតាបតូបស្តង់ជាប់មាត់ទន្លេ សំណាលសួរសុខទុក្ខពួកគាត់ក៏ដូចអ្នកទិញអ្នកមកដើរកំសាន្តយ៉ាងរាក់ទាក់។
ឯកឧត្ដមអភិបាលរាជធានីបានពិនិត្យនៅទីតាំងមុខបរមរាជវាំង ដែលជាទីតាំងធំសំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia»។ ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុងនិងក្រៅពិធី។ ចំណែកការរក្សាអនាម័យបរិស្ថានក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យឯកឧត្ដមអភិបាលរងទទួលបន្ទុកជំរុញអោយក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាមធ្វើសកម្មភាពជាប្រចាំ ពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ស ស យ ក ស្តីពីការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ២០២៤Celebrating Cambodia របស់ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)បានអោយដឹងថា៖ ថាព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅ វេលាអស្ដង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។
ចំណែកលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៤នេះ ចូលឆ្នាំ២០២៥នៅរាជធានីភ្នំពេញ មានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន៤ទីតាំង ក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។
២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។
៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង។
៤.ទូរទស្សន៍បាយន្តមានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វាចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ក្រៅពី ទីតាំង ខាងលេីនៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន ឬ មជ្ឈមណ្ឌលកម្សាន្តឯកជននានាក៏គេមាន កម្មវិធី របស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ៕