ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវាយគង ទូងស្គ ទះប៉ោត គោះត្រដោកនៅម៉ោង ១០យប់ថ្ងៃ៣០ វិច្ឆិកា ដើម្បីអបអរសាទរការដាក់ ល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌអរូបីយ

125

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូលចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅម៉ោង ១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតផ្ញើជូនជនរួមជាតិ ដែលចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។

សម្តេច​តេជោ​ សំណូមពរ​ផងដែរ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ​ ឱ្យ​បាន​ទូលំទូលាយ​ និង​ អធិកអធម​ជា​ទីបំផុត​ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​ឱកាស​ដ៏​មហា​ប្រសើរ​នេះ​ សម្តេច​តេជោ​ សូម​ព្រះរាជានុញ្ញាត​សម្តែង​នូវ​អំណរព្រះគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ សម្តេច​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី​ ដែល​ព្រះអង្គ​តែងតែ​ប្រោស​ប្រទាន​នូវ​ការ​គាំទ្រ​ដ៏​ពេញ​ទំហឹង​ជានិច្ច​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ មាតុភូមិ​យើង​ ។

ជាមួយ​គ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សូ​ម​ថ្លែង​អំណរគុណ​ជា​ពិសេស​ផងដែរ​ ជូន​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ អង្គការ​យូណេស្កូ​ និង​ ឥស្សរជន​ ទាំងឡាយ​ដែល​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​អស្ចារ្យ​ជា​សកល​ នៃ​ល្ខោន​ខោល​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​បាន​គាំទ្រ​ចូលរួម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​ស្នាដៃ​សិល្បៈ​ដ៏​វិសេសវិសាល​របស់​កម្ពុជា​ នោះ​ ទៅ​ក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ៕

អត្ថបទដែលជាប់ទាក់ទង