ទូរថភ្លើងដឹកទំនិញ ៣៦គ្រឿងនាំចូលពីចិន បានមកដល់កម្ពុជាហើយ ខណៈទូរថភ្លើង ៤៤គ្រឿងទៀតនឹងមកដល់នៅដើមខែមករា ឆ្នាំ២០២៥
ភ្នំពេញ៖ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀត ដឹកមកពីប្រទេសចិន បានមកដល់ប្រទេសកម្ពុជា និងបានដាក់ចុះពីនាវាដោយជោគជ័យ ដើម្បីពង្រឹងបន្ថែមទៀតនូវ សេវាកម្ម ដឹកជញ្ជូនតាមរថភ្លើង ដោយមានប្រសិទ្ធភាព ក្នុងប្រទេសកម្ពុជា។
បើតាមក្រុមហ៊ុន Royal Railway រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន ដ៏ល្បីឈ្មោះមួយ របស់ប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូន ដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។
រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូន តាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្ម។
សូមជម្រាបផងដែរថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀតនឹងគ្រោងមកដល់កម្ពុជា នៅដើមខែមករា ឆ្នាំ២០២៥នេះ។ ការនាំចូលមកបន្ថែមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំ លើដំណោះស្រាយដឹកជញ្ជូន សម្រាប់ឧស្សាហកម្មក្នុងប្រទេស៕