អំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
ភ្នំពេញ៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមាន ក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសូមសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន តាមការគួរ៕