ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំឡូងបាស ដៃខ្លា ជាដំណាំរបស់អ្នកស្រុកអង្គរ និយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ

54

ភ្នំពេញ ៖ ដំឡូងបាសដៃខ្លា ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់អស់កាលជាយូរឆ្នាំមកហើយ។
តាមរយៈបណ្ដាញសង្គម របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២៥នេះថា៖ ដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំ មួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។
ដោយឡែកបើយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាប និងក៏ដូចជាឯកសារស្រាវជ្រាវបានបង្ហាញថាជាទូទៅ គេចាប់ផ្តើមដាំនៅដើមដំឡូងបាសដៃខ្លាចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនេះនឹងជួយឱ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។
ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតារបស់អ្នកស្រុកអង្គរ ។នៅពេលដាំគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។
ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់។

ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន៕ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង