ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖យុវជនទាំងអស់ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលទាំងឡាយ មិនឱ្យអ្នកណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះ ទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។
ជាពិសេសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យុវជនទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយ ដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យអ្នកណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។
ឯកឧត្ដនឧបនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាង ដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។
ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានា ដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។
សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំសូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទាន ដល់ទូលបង្គំយើងខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំង ដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយ ដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ទូលព្រះបង្គំយើងខ្ញុំដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះ ទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា»៕