រុស្ស៉ី គំរាមសងសឹក ក្រោយអះអាងថាអ៊ុយក្រែនបាញ់មីស៊ីលផ្ដល់ដោយអាមេរិក លើតំបន់ Belgorod
ក្រុងមូស្គូ៖រុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា បានសន្យាថានឹងសងសឹកវិញ បន្ទាប់ពីខ្លួនបានអះអាងពីការបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៨គ្រាប់ ដែលត្រូវបានអ៊ុយក្រែនប្រើប្រាស់ នៅក្នុងការវាយប្រហារលើតំបន់ Belgorod។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃទី៣ ខែមករា មានការប៉ុនប៉ងមួយរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើតំបន់ Belgorod ដោយប្រើមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះរបស់របបកៀវ ដែលទទួលបានការគំាទ្រពីលោកខាងលិចនឹងត្រូវប្រឈមមុខនឹងការសងសឹកវិញ»។ក្រសួងបន្ថែមថាមីស៊ីល ATACMS ទាំង៨គ្រាប់ត្រូវបានបាញ់ទម្លាក់។ តែក្រុមមន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។
គួរបញ្ជាក់ថា ATACMS ជាមីស៊ីលផលិតដោយសហរដ្ឋអាមេរិកដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ និងត្រូវបានអភិវឌ្ឍដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលប្រភេទនេះវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី កាលពីឆ្នាំ២០២៤៕