ចាប់ផ្ដើមព្រឹត្តិការណ៍រត់៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ២ធ្នូក្នុងស្រុកស្នួល ខេត្តក្រចេះដោយសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការណ៍រត់៤០គីឡូនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណ ស្រុកស្នួល ខេត្តក្រចេះ ដែលតាមគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងមានការចូលរួមពីសំណាក់យុវជន និងមហាជនប្រមាណ៥០០នាក់។
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញដំណើរពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានអ្នកចូលរួមប្រមាណ៧០០នាក់។
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។
ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។
ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិការណ៍ អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី។ តាមការកំណត់ ដំណើរនេះត្រូវចំណាយអស់ថិរវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀត សម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ៕