ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ ដល់ពេលកសាងច្បាប់កំណត់ជនណា ឬក្រុមណាមានគម្រោងការបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កអសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ

26


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានថ្លែងថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយម បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះ ពួកគេបានប្រើយុទ្ធសាស្ត្រចលនាតស៊ូ នៅក្រៅប្រទេស ដូចជា ការប្រើប្រាស់មនោសញ្ចេតនាជាតិនិយមពាក់ព័ន្ធនឹងទឹកដី ព្រំដែន ធនធានធម្មជាតិ និងអធិបតេយ្យជាតិ ដូចជា ករណីព្រែកជីកហ្វូណនតេជោ, CLV-DTA, កោះត្រល់, កោះគជ់, ព្រំដែនគោក, ព្រំដែនទឹក, ធនធានធម្មជាតិ, ដីសម្បទាន និងជនអន្តោប្រវេសន៍វៀតណាមជាដើម។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជន ដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយរកសន្តិភាព ដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាព នឹងកើតមានវិញនៅពេលណាឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ ឆ្នាំ មកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាព ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរ នូវនយោបាយសតិអារម្មណ៍ជ្រុលនិយម មកលើសង្គមជាតិយើង សម្តៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគំរាមកំហែងពិតដល់សន្តិភាព។ យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាប លើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងស្មារតីនេះ ខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ»។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះ ជ័យជម្នះ។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។
អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។ ប្រជាជនកម្ពុជាត្រូវរង់ចាំ ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានប្រព្រឹត្តមកលើខ្លួន ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
«ព្រមជាមួយនេះ ខ្ញុំក៏សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ច យកចិត្តទុកដាក់ពង្រឹងការអនុវត្ត “ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ឱ្យបានម៉ឺងម៉ាត់បំផុតផងដែរ»។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់បែបនេះ។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន កំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជា កំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចការលើកស្ទួយជីវភាពរបស់ខ្លួន។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរំឭកជាថ្មីទៀតថា សូមបណ្តាប្រទេសរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រពីរលើក ដែលប្រទេសមួយចំនួនបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ ទៀត។ កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ១៩៧០ និងកំហុសលើកទី២ គឺការផ្តល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍ កាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្ម សេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮ ចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ បានបន្តថាទៀតថា «យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា នឹងត្រូវបានគោរព»៕

អត្ថបទដែលជាប់ទាក់ទង