មេដឹកនាំហ្គ្រីនឡែន នឹងជួបព្រះមហាក្សត្រដាណឺម៉ាក បន្ទាប់ពីលោក ត្រាំ គំរាមកាន់កាប់កោះអាកទិកដ៏ធំមួយនេះ
ក្រុងកូពែនហាក៖មេដឹកនាំហ្គ្រីនឡែន ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក នៅទីក្រុង Copenhagen នៅថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានលើកឡើងពីបំណងចង់កាន់កាប់កោះអាកទិកដ៏ធំមួយនេះ ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងមិនបដិសេធការប្រើប្រាស់កម្លាំងយោធា ឬសកម្មភាពសេដ្ឋកិច្ចដើម្បីធ្វើឱ្យហ្គ្រីនឡែន ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកនោះទេ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោតនេះ បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ថ្លែងកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ វាយប្រហារលើព្រំដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។ លោក Barrot បញ្ជាក់បន្ថែមថា លោកមិនជឿថា សហរដ្ឋអាមេរិកនឹងឈ្លានពានហ្គ្រីនឡែន ដែលជាផ្នែកមួយនៃប្រទេសដាណឺម៉ាក អស់រយៈពេលជាង ៦០០ ឆ្នាំមកហើយនោះទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា អាល្លឺម៉ង់ឈរលើគោលការណ៍អន្តរជាតិ ដែលថាព្រំដែនមិនត្រូវផ្លាស់ប្តូរដោយបង្ខំ។
អង្គការណាតូ មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ ដាណឺម៉ាក ជាសមាជិកទាំងសហភាពអឺរ៉ុបនិងណាតូ។ ចំណែកហ្គ្រីនឡែន ដែលមានប្រជាជន ៥៧,០០០ នាក់ និងផ្ទៃដីជាង ២ លានគីឡូម៉ែត្រការ៉េ មិនមែនជាសមាជិកសហភាពអឺរ៉ុបទេ តែជាសមាជិកណាតូ តាមរយៈទំនាក់ទំនងជាមួយដាណឺម៉ាក។
គួរ បញ្ជាក់ថា ជំនួបរវាងមេដឹកនាំហ្គ្រីនឡែន និងព្រះមហាក្សត្រដាណឺម៉ាក កើតឡើងចំពេលមានភាពមិនច្បាស់លាស់ ជុំវិញអនាគតរបស់កោះនេះ ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក បង្ហាញពីចេតនាចង់កាន់កាប់។ ជំនួបនេះ អាចជាឱកាសសម្រាប់ភាគីទាំងពីរ ពិភាក្សាពីទំនាក់ទំនងនាពេលអនាគត និងស្វែងរកដំណោះស្រាយ ចំពោះភាពតានតឹងដែលកំពុងកើតមាន៕