ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីបានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ យកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍ធំៗចំនួន៣

18

ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។
ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដមកើត ឆែអភិបាលរងរាជធានីតំណាង ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា៖ កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ក្រោយពិធីបុណ្យធំៗចប់យើងឃើញថាទីក្រុងស្អាតមានបរិស្ថានល្អលែងមានសំរាមតាមផ្លូវនិងទីសាធារណៈទៀតហើយ។ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
ក្នុងឱកាសនោះជាការឆ្លើយតបឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន បំពេញការងារកាន់តែល្អបន្តទៀត។
ឯកឧត្ដម កើត ឆែ បន្តទៀតថា៖ ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទំលាក់ការងារចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀត នោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ អនឡាញនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្ដម បញ្ជាក់ថា៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.)នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ក្នុងនោះរួមមាន៖ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែន សុខ ត្រូវបានតែងតាំងឱ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនិងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់ មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង