ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ម៉ប់ សារិន៖ប្រារព្ធពិធី ក្រុងពាលីសាងសង់អគាររដ្ឋបាលជាទីស្នាក់ការសមាគមក្រុមប្រឹក្សា រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា

16

ភ្នំពេញ៖អគាររដ្ឋបាលនិងជាទីស្នាក់ការសមាគមក្រុមប្រឹក្សា រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាជារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ហើយ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ដែលជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ មានកន្លែងសំរាប់បំពេញការងារ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរថែមទៀត។
ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ដីដែលសាងសង់អាគារទីស្នាក់ការសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដីទំហំជាង៤៣០០ម៉ែត្រការ៉េ ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ជូនក្នុងអំឡុងពេលដែលឯកឧត្ដមរួមជាមួយឯកឧត្ដមម៉ប់ សារិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ធ្នូឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមនកន្លងមក។
ពាក់ព័ន្ធនឹងគម្រោងសាងសង់អាគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ ឯកឧត្ដមម៉ប់ សារិន បានគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថមថវិកាចំនួន៣ម៉ឺនដុល្លារសម្រាប់សាងសង់អគាររដ្ឋបាលនេះ។
ឯកឧត្ដមម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅនេះ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគមឱ្យបានកាន់តែល្អប្រសើរ។
គួររំលឹកដែរថា៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣៕

អត្ថបទដែលជាប់ទាក់ទង