ឯកឧត្ដម សេង ឌីណា៖ ករណីអ្នកបុកគេស្លាប់ បង់លុយរួចខ្លួន លែងមានទៀតហើយ
ភ្នំពេញ៖ឯកឧត្ដមសេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ករណីអ្នកបុកគេស្លាប់ ហើយបង់លុយរួចខ្លូននោះ គឺលែងមានមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការកែរទម្រង់នេះ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន។
ការអះអាងយ៉ាងដូច្នេះរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងឱកាសឯកឧត្ដមសេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និសីទសារព័ត៏មានស្តីពី«លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»របស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្ដមបានបញ្ចាក់ថា ពាក់ព័ន្ធទៅនឹងសំណុំរឿងចរាចរណ៍នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេលមួយឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស ហើយទន្ទឹមនឹងនេះ អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់បណ្តាលឲ្យអ្នកដទៃស្លាប់ គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដោយតឹងរឹុង និងម៉ឺងម៉ាត់ផងដែរ។
ឯកឧត្ដម សេង ឌីណា បានលើកឡើងយ៉ាងដូច្នេះថា «មិនមែនមានន័យថាសងសំណងហើយរួចខ្លួនទេ សងសំណងក៏នៅតែសងសំណង ទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌក៏នៅតែទទួលខុសត្រូវ ហើយករណីដែលនិយាយថា បុកគេស្លាប់ បង់លុយហើយរួចខ្លួនហ្នឹង គឺមិនមានទៀតទេ មិនឲ្យមានទៀតទេ!»។
អ្នកនាំពាក្យក្រសួងយុត្តិធម៏រូបនេះ បានឲ្យដឹងផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការសង្កេតឃើញថា មានករណីកាន់តែច្រើន ដែលអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មានសុឆន្ទៈក្នុងការផ្តល់សំណងជូនជនរងគ្រោះដោយឆាប់រហ័ស ទោះបីជាដឹងថា ការសងសំណងរដ្ឋប្បវេណីនេះនឹងមិនអាចឱ្យខ្លួនរួចផុតពីការចោទប្រកាន់ខាងព្រហ្មទណ្ឌក៏ដោយ។
សូមបញ្ជាក់ថា សំណុំរឿងចរាចរណ៍ ចំនួន ១០៤១ ដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការ ត្រូវបានសាលាដំបូងគ្រប់រាជធានី ខេត្ត ដោះស្រាយចប់សព្វគ្រប់១០០% តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងដែលចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ដែលមានចំនួន ៥ ៤៧០ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បានចំនួន ៤ ៨០៧ សំណុំរឿង ស្មើនឹង ៨៧,៨៨%៕