ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់មិនដែលមានផែនការធ្វើឃាតលោក ដូណាល់ ត្រាំ នោះទេ

14

ក្រុងវ៉ាស៊ីនតោន៖ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថាអ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់ពីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជាជនជាតិអ៉ីរ៉ង់ម្នាក់ ថាមានជាប់ពាក់ព័ន្ធនឹងការទទួលបញ្ជាពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ឱ្យធ្វើឃាតលោក ដូណាល់ ត្រាំ បន្ទាប់ពីអាជ្ញាធរអាមេរិកបានទប់ស្កាត់ផែនការប៉ងធ្វើឃាតកុំឱ្យកើតឡើង។ បន្ថែមពីលើនេះ លោក ត្រាំ កាលពីឆ្នាំ២០២៤ ក៏បានលើកឡើងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែរថាអ៉ីរ៉ង់ ប្រហែលជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។
ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC News កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានទាត់ចោលការចោទប្រកាន់ទាំងនោះ។ «យើងមិនដែលមានផែនការ ហើយក៏នឹងមិនមានផែនការបែបនេះនោះដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Pezeshkian ឆ្លើយតបទៅនឹងសំណួរថាតើអ៉ីរ៉ង់ពិតមានផែនការសម្លាប់លោក ត្រាំ ពិតមែន ឬក៏យ៉ាងណា?
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ បានគេចផុតពីការប៉ុនប៉ងធ្វើឃាតចំនួន២លើក ក្នុងនោះរួមទាំងអំឡុងធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania និងលើកទី២ អំឡុងលោកកំពុងលេងវាយកូនគោលនៅឯទីក្រុង West Palm Beach រដ្ឋ Florida។ ចំណែក ក្រុមអ្នកស៊ើបអង្កេត ក៏មិនបានរកឃើញភស្តុតាងបង្ហាញថាអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង