ឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី ជម្រាបថា៖រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ, ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ
ព្រះសីហនុ៖គណៈកម្មការទី៥ នៃព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលស្តីទី នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្ដម សាមុត សុធារិទ្ធ អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដើម្បីស្វែងយល់ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នៅរដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលស្ដីទីខេត្តព្រះសីហនុ បានជម្រាបជូនប្រតិភូពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ។ ឯកឧត្ដមបញ្ជាក់ទៀតថា៖រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា៖កំពង់ផែទឹកជ្រៅ ដែលអាចឱ្យនាវាធុនធំអាចចូលចតបាន មានអាកាសយានដ្ឋានអន្តរជាតិដែលមានផ្លូវរត់វែងជាងគេ ផ្លូវដែក និងផ្លូវល្បឿនលឿន និងអាងប្រព្រឹត្តកម្មទឹកកខ្វក់។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា បានជម្រាបអង្គពិធីទាំងមូលអំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុនេះ គឺដើម្បីតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ លំហរសារពត៌មាន ការផ្តល់បណ្ណការងារជូនជនបរទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅច្រកទ្វារអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
ក្នុងនោះដែរឯកឧត្ដម អភិបាលស្ដីទីបានធ្វើ ការឆ្លើយតបទៅនឹងសំណួររបស់ប្រធានគណ: កម្មការទី៥ ព្រមទាំងបានបញ្ជាក់ថាជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ និងបានជម្រាបជូនអំពីការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលនឹងបន្តរហូតដល់ឆ្នាំ២០២៥៕