ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតសំដៅប្រឆាំងរុស្ស៉ី មុនលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី

10

ក្រុងវ៉ាស៉ីនតោន៖កាលពីថ្ងៃពុធ ទី១៥ ខែមករា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀត ដែលមានគោលដៅប្រឆាំងនឹង រុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ មុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ នឹងឡើងមកកាន់អំណាចបន្ត នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥។
ក្នុងចំណាត់ការជុំថ្មីខាងលើ ក្រសួងការបរទេស រួមទាំងក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើគោលដៅសរុបជាង២៥០គោលដៅ ក្នុងនោះមានខ្លះស្ថិតនៅប្រទេសចិន ហើយវាមានគោលដៅចម្បងផ្តោតលើ ការគេចវេះទណ្ឌកម្មរបស់រុស្ស៉ី និងឧស្សាហកម្មយោធា របស់រុស្ស៉ី។ ក្នុងចំណោមនោះ អង្គភាពសំខាន់ៗជិត១០០របស់រុស្ស៉ី រួមមានទាំងធនាគារ និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ក្នុងវិស័យថាមពល ដែលកន្លងមកត្រូវបានដាក់ទណ្ឌកម្មរួចហើយនោះ គឺត្រូវទទួលរងការរឹតត្បិតថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ថា វាមិនទាន់ច្បាស់នោះទេថា តើលោក ដូណាល់ ត្រាំ នឹងធ្វើបែបណាពាក់ព័ន្ធ បញ្ហានៃការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៉ី ជុំវិញសង្រ្គាមអ៊ុយក្រែន។ កាលពីមុន លោក ត្រាំ ធ្លាប់ប្រកាន់ជំហររាក់ទាក់ចំពោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយក្នុងសប្តាហ៍នេះ លោកបាននិយាយថា រូបលោកនឹងព្យាយាមជួបលោក ពូទីន ឱ្យបានឆាប់ ដើម្បីពិភាក្សាគ្នាអំពី បញ្ហាអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង