លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាមេរិក ចេញពី WHO
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ដោយនិយាយថា ទីភ្នាក់សុខាភិបាលសកលមួយនេះគ្មានសមត្ថភាពដោះស្រាយកូវីដ១៩ និងវិបត្តិសុខាភិបាលអន្តរជាតិនានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលរបស់បណ្ដាប្រទេសមួយចំនួនដែលជាសមាជិក WHO ហើយបានតម្រូវឱ្យសហរដ្ឋអាមេរិកបង់វិភាគទានដោយអយុត្តិធម៌ ដែលមិនសមាមាត្រទៅនឹងវិភាគទានផ្ដល់ដោយប្រទេសធំៗដទៃដូចជាចិនជាដើម។ នៅឯពិធីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លោក ត្រាំ បានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ ដូច្នេះរឿងបែបនេះនឹងមិនកើតឡើងជាថ្មីទេ»។
គួរបញ្ជាក់ថា តាមរយៈបទបញ្ជាប្រតិបត្តិខាងលើរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនឹងចាកចេញពី WHO ក្នុងរយៈពេល១២ខែ ហើយបញ្ឈប់រាល់ការចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុទាំងឡាយ។ សហរដ្ឋអាមេរិក គិតត្រឹមពេលនេះគឺជាអ្នកផ្ដល់ហិរញ្ញវត្ថុធំជាងគេបំផុតសម្រាប់ WHO។ ប៉ុន្តែ ការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះត្រូវបានគេរំពឹងទុកជាមុនទៅហើយ ដោយកាលពី ឆ្នាំ២០២០ លោក ត្រាំ ក៏បានចាត់វិធានការដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការមួយនេះដែរ ដោយចោទថា WHO ជួយដល់កិច្ចប្រឹងប្រែងរបស់ចិនក្នុងការបំភ័ន្តពិភពលោកអំពីប្រភពដើមនៃកូវីដ១៩៕