ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ បញ្ជាក់ឡើងវិញថាចង់ជួបលោក ពូទីន ឆាប់ៗ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

12

DAVOS, ស្វីស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបញ្ជាក់ឡើងវិញថាលោកចង់ជួបជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រេច ឱ្យបាននូវការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាំងនៅមុន និងក្រោយឡើងកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានប្រកាសជាច្រើនលើកថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមតែមួយថ្ងៃ។ ប៉ុន្តែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ត្រាំ បានទទួលស្គាល់ថា ការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងត្រូវចំណាយពេលច្រើនខែ។ «ខ្ញុំពិតជាចង់ជួបលោកប្រធានាធិបតី ពូទីន ឱ្យបានឆាប់ ដើម្បីបិទបញ្ចប់សង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ក្នុងទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូខុនហ្វេរិន។ ប៉ុន្មានម៉ោងក្រោយមក ក្នុងថ្ងៃដដែល លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្គ្រាម។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានប្រាប់រូបលោកផ្ទាល់ផងដែរថាលោកត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង