ជនអន្តោប្រវេសន៍ខុសច្បាប់ជាង៥០០នាក់ ត្រូវបានចាប់ខ្លួនបណ្តេញចេញពីសហរដ្ឋអាមេរិក ក្នុងកណ្ដាប់ដៃលោក ត្រាំ ក្រោយឡើងកាន់អំណាច
វ៉ាស៉ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា អ្នកនាំពាក្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាជ្ញាធរអាមេរិក បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៥០០នាក់ ហើយថែមទាំងបានបណ្តេញចេញពីប្រទេសរាប់រយនាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោក ត្រាំ វិលត្រឡប់មកកាន់អំណាចសាជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រកាសពីដំណឹងខាងលើ តាមប្រព័ន្ធ X ថា រដ្ឋបាលលោក ត្រាំ បានចាប់ខ្លួន «ឧក្រិដ្ឋជនអន្តោប្រវេសន៍ខុសច្បាប់» ចំនួន៥៣៨នាក់ ហើយរាប់រយនាក់ ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក តាមរយៈយន្តហោះយោធា។
គួរបញ្ជាក់ថា ការចាប់ខ្លួននិងបណ្តេញចេញពីប្រទេសនេះ គឺកើតមានឡើងស្របពេលដែល រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមពាក្យសន្យារបស់ខ្លួន ក្នុងការបើកប្រតិបត្តិការ បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ លក្ខណៈទ្រង់ទ្រាយធំជាប្រវត្តិសាស្រ្ត។ នៅថ្ងៃដំបូង នៃការឡើងកាន់អំណាច លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ជាច្រើនភ្លាមៗ ដែលផ្តោតជាពិសេសលើ ការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់៕