រដ្ឋមន្រ្តីការពារជាតិថ្មីជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News ត្រូវបានព្រឹទ្ធសភាអាមេរិកទទួលស្គាល់ជារដ្ឋមន្ត្រី
ក្រុងវ៉ាស៉ីនតោន៖កាលពីថ្ងៃសុក្រ ទី២៤ ខែមករា លោក Pete Hegseth ជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតទទួលស្គាល់ជា រដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លទ្ធផលនៃការបោះឆ្នោតទទួលស្គាល់ លោក Hegseth គឺ៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងជំទាស់ បន្ទាប់ពីសមាជិក៣នាក់ នៃគណបក្សសាធារណរដ្ឋផ្ទាល់ បានចូលរួមជាមួយ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យដទៃទៀត បោះឆ្នោត ប្រឆាំងនឹងការតែងតាំងរូបលោក។ លទ្ធផលជាប់គាំងបែបនោះ បានតម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈ ជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោតក្នុងសំឡេងគាំទ្រ។ លោក Hegseth ដែលជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន សន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។
គួរបញ្ជាក់ថា លោក Hegseth គឺជាបេក្ខជនមានភាពចម្រូងចម្រាសជាងគេបង្អស់ សម្រាប់មុខតំណែងជាប្រមុខការពារជាតិរបស់ សហរដ្ឋអាមេរិក ខណៈជាទម្លាប់ តួនាទីនេះ ជារឿយៗត្រូវបានផ្តល់ឱ្យទៅបេក្ខជន ដែលមានបទពិសោធស៉ីជម្រៅ ក្នុងការគ្រប់គ្រង ដឹកនាំស្ថាប័នធំៗ និងជាបុគ្គលដែលទទួលបានការគាំទ្រទូលំទូលាយ ទាំងពីសំណាក់ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ីដោយរឿងអាស្រូវ។ វាគឺជាលើកទី២ហើយ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបេក្ខជនតំណែងរដ្ឋមន្រ្តី ទាមទារឱ្យមានការបោះឆ្នោតកាត់សេចក្តីចុងក្រោយបែបនេះ។ សម្រាប់ករណីដំបូង ក៏ជាបេក្ខជននៃរដ្ឋបាលលោក ត្រាំ ផងដែរ គឺលោកស្រី Betsy DeVos ដែលបានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ កាលពីឆ្នាំ២០១៧៕