កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិក
ក្រុថសេអ៊ូល៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី២៦ ខែមករា បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ កាលពី ថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើតេស្តបាញ់មីស៊ីល ជាមួយការចាត់ទុកថាវាជាការធ្វើតេស្ដបាញ់នូវប្រព័ន្ធអាវុធដ៏មាន សារៈសំខាន់បំផុតមួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានបញ្ជាក់ថាមីស៊ីលដែលត្រូវបានធ្វើតេស្ដខាងលើគឺជាប្រភេទមីស៊ីលគ្រូសបាញ់ចេញពីក្រោមទឹក ដើម្បី កម្ទេចគោលដៅនៅលើផ្ទៃដី។ មីស៊ីលនេះហោះបានចម្ងាយ ១៥០០គីឡូម៉ែត្រ និងក្នុងរយៈពេលចន្លោះពី ៧៥០៧វិនាទី ដល់ ៧៥១១វិនាទី មុននឹងធ្លាក់ចំគោលដៅដែល បានកំណត់។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃអាទិត្យនេះដែរ KCNA ក៏បាននិយាយដែរថាកូរ៉េខាងជើងនឹងបន្តប្រកាន់ជំហរប្រឆាំងនឹងសហរដ្ឋអាមេរិក យ៉ាងម៉ឺងម៉ាត់ ដរាបណា ទីក្រុងវ៉ាស៊ីនតោន បដិសេធអធិបតេយ្យរបស់កូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី ក្រោយមេដឹកនាំទាំង២ ធ្លាប់បង្កើតទំនាក់ទំនងមួយ កាលពីអាណត្តិទី១របស់លោក ត្រាំ៕