ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្តហោះអន្តរជាតិតេជោ សាងសង់សម្រេចបាន៩៤% គិតជាទឹកប្រាក់ ១ ៤០០លានដុល្លារ

48


ភ្នំពេញ៖គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ការសាងសង់សម្រេចបានជាង ៩៤%ហើយ បើគិតជាទឹកប្រាក់ចំណាយមកដល់ពេលនេះអស់ចំនួនប្រមាណជិត ១ ៤០០លានដុល្លារ ដោយចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ។
ឯកឧត្ដមបន្តថា ការងារសំណង់ធំសំខាន់ធំៗ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/Aircraft Apron-Parking) ត្រូវបញ្ចប់នៅមួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចក្នុងខែមករា ឆ្នាំ២០២៥នេះ។
ការសាងសង់នេះបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណជិត ១៦,០០០នាក់ ក្នុងនោះមានខ្មែរជាង ៩០%។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋាន អន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។
CNN បានឲ្យដឹងថា ក្រៅពីអាកាសយានដ្ឋាន អន្តរជាតិតេជោ របស់កម្ពុជា, ស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ចំនួន ១០ទៀត រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន, Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស, Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិច, South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក, Goethe-Institut នៅក្រុង Dakar របស់សេណេហ្កាល់, Urban Glen នៅក្រុង Hangzhou របស់ចិន, Riyadh Metro នៅក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីត, Skypark Business Center នៅក្រុង Luxembourg របស់លុច្សសំបួរ និង Danjiang Bridge ក្រុង Taipei របស់ចិន-តៃវ៉ាន់។
អាកាសយានដ្ឋាន អន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

អត្ថបទដែលជាប់ទាក់ទង