ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែល សម្លាប់ជនស៊ីវិលលីបង់ ១១ នាក់នៅព្រំដែនភាគខាងត្បូង, បទឈប់បាញ់ស្រពេចស្រពិល

25

ក្រុងបៃរូត៖អាជ្ញាធរលីបង់នៅថ្ងៃអាទិត្យនេះ បារាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលលីបង់ យ៉ាងតិច ១១ នាក់ នៅភាគខាងត្បូងប្រទេសលី ខណៈដែលប្រជាជនរាប់ពាន់នាក់ព្យាយាម វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយកាលកំណត់នៃការដកទ័ពរបស់អ៊ីស្រាអែលបានកន្លងផុតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ីស្រាអែលបានអះអាងថា ខ្លួននឹងរក្សាកងទ័ពនៅភាគខាងត្បូងហួសពីថ្ងៃកំណត់ ដែលមានចែងក្នុងបទឈប់បាញ់ ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា លីបង់មិនទាន់អនុវត្តលក្ខខណ្ឌតម្រូវឱ្យមានការដាក់ពង្រាយកងទ័ព និងការរំសាយអាវុធ របស់ក្រុមហេសបូឡា។
ក្រុមហេសបូឡា បានចោទប្រកាន់អ៊ីស្រាអែលវិញថា បានបំពានបទឈប់បាញ់ និងបានវាយប្រហារលើជនស៊ីវិល។ ក្រុមនេះបានអំពាវនាវឱ្យរដ្ឋាភិបាលលីបង់ធានាការដកទ័ពរបស់អ៊ីស្រាអែល។
យោធាលីបង់បានរាយការណ៍ថា ទាហានម្នាក់របស់ខ្លួនស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយបានចោទប្រកាន់អ៊ីស្រាអែល ពីបទពន្យារពេលការដកទ័ព។ ក្រសួងសុខាភិបាលលីបង់ បញ្ជាក់ថា មនុស្ស ១១ នាក់បានស្លាប់ និង ៨៣ នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាពលរដ្ឋដែលព្យាយាមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។
គួរបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល នៅតែតានតឹង ខ្លាំង ក្រោយកាលកំណត់នៃការដកទ័ពរបស់អ៊ីស្រាអែល។ ការប៉ះទង្គិចគ្នា បានបណ្តាល ឱ្យមានការស្លាប់ជនស៊ីវិល ហើយអនាគត នៃបទឈប់បាញ់ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង