ឯកឧត្ដមឃួង ស្រេង ធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, តាមផ្សារ មិនឱ្យលក់ផាវ ហាមដុតផាវជាដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឯកឧត្ដមឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។
ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ មករា២០២៥នេះ ក្នុងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យ អាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តថា៖ អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុកស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេស ប្រជាការពារ សង្កាត់ ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះគ្រប់គ្រងជនឥន្តោប្រវេស្ស ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យពួកគាត់គោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ប្រទេសយើងមានច្បាប់៕