ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ណែនាំមន្ត្រីត្រូវបន្តអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ចំពោះយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស យានយន្តដឹកសំពីងសំពោង ដែលបើកបរតាមដងផ្លូវទូទាំងខេត្ត

55

ព្រះវិហារ៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំ លាងទ្រី ប្រធានមន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនាឱកាសនេះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍ណែនាំដល់មន្ត្រីបច្ចេកទេសត្រូវសហការជាមួយសមត្ថកិច្ច បន្តចុះត្រួតពិនិត្យមើលនៅតាមដងផ្លូវ និងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង ចំពោះយានយន្តដឹកជញ្ជូនកែឆ្នៃខុសលក្ខណៈបច្ចេកទេស ក៏ដូចជារថយន្តដឹកសំពីងសំពោង ធ្វើយ៉ាងណាកុំឱ្យរថយន្តល្មើសទាំងនេះបើកបរនៅតាមដងផ្លូវក្នុងខេត្តព្រះវិហារ។
លោកប្រធានក៏បានមានប្រសាសន៍កោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការងាររបស់មន្ទីរទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរលោកប្រធានក៏បានមានប្រសាសន៍ណែនាំដល់មន្ត្រីការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការងារធ្វើរបាយការណ៍ ពិសេសពិនិត្យមើលលើអក្ខរាវិរុទ្ធ ធ្វើយ៉ាងណាកុំឱ្យមានការខុសឆ្គង និងត្រូវបន្តការសហការសាមគ្គីគ្នាឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីឱ្យការងាររបស់មន្ទីរយើងនៅឆ្នាំ២០២៥នេះ កាន់តែទទួលបានជោគជ័យថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង