ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនប៉ាឡេស្ទីន ៣០០ ០០០នាក់ វិលត្រឡប់ទៅដល់ ភាគខាងជើងតំបន់ហ្កាហ្សាវិញ, នេះបើតាមក្រុមហាម៉ាស

36


ហ្កាហ្សា៖អាជ្ញាធរក្រុមហាម៉ាស បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ដោយសារសង្រ្គាមអ៉ីស្រាអែល ច្រើនជាង៣០០ ០០០នាក់ បានធ្វើដំណើរទៅដល់ ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ បន្ទាប់ពីយោធាអ៉ីស្រាអែល បានបើកការអនុញ្ញាតចំពោះការវិលត្រឡប់ ចាប់តាំងពីព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយសង្រ្គាមអូសបន្លាយប្រមាណជា១៥ខែ ទីបំផុតក្រុមហាម៉ាស និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា។ ប្រជាជនប៉ាឡេស្ទីន សរុបប្រហែល៦៥០ ០០០នាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួន ចេញពីភាគខាងជើងតំបន់ហ្កាហ្សា អំឡុងសង្រ្គាម ដែលបានផ្ទុះឡើង ដោយសារ ការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ យោងតាមអ៉ីស្រាអែល ការវាយប្រហារនោះ បានសម្លាប់មនុស្សប្រហែល ១២០០នាក់ ខណៈ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ដោយឡែក បើយោងតាមអាជ្ញាធរតំបន់ហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែល បានផ្តាច់ជីវិត ជនជាតិប៉ាឡេស្ទីនច្រើនជាង ៤៧០០០នាក់ ដែលភាគច្រើនជាជនស៉ីវិល។
គួរបញ្ជាក់ថា អំឡុងសង្រ្គាម ភាគច្រើននៃអ្នកដែលរត់ភៀសខ្លួន ត្រូវបានបង្ខំឱ្យផ្លាស់ទីម្តងហើយម្តងទៀត ដោយសារអ៉ីស្រាអែល បានកំណត់ផ្នែកនៃតំបន់ហ្កាហ្សា ជាតំបន់មនុស្សធម៌ ប៉ុន្តែក្រោយមក ក៏បានផ្លាស់ប្តូរវិញ ហើយធ្វើការទម្លាក់គ្រាប់បែក និងបើក ប្រតិបត្តិការផ្លូវគោក។ នាពេលនេះ ភាគច្រើននៃតំបន់ហ្កាហ្សា គឺស្ថិតក្នុងសភាពវិនាសហិនហោច។ អាជ្ញាធរហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស បាននិយាយថា ប្រជាជនដែលវិលត្រឡប់ទៅភាគខាងជើងវិញ ចាំបាច់ត្រូវការតង់និងជំរំស្នាក់នៅ យ៉ាងហោច ១៣៥ ០០០ ខណៈដែលពួកគេព្យាយាម ចាប់ផ្តើមកសាងជីវិតសាជាថ្មី នៅកន្លែងដែលធ្លាប់ជាផ្ទះសម្បែងរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង