បុរសម្នាក់លង់ទឹកស្ទឹងក្បែរផ្ទះស្លាប់ ព្រោះតែស្រវឹងស្រា
ពោធិ៍សាត់ៈ បុរសម្នាក់ចុះងូតទឹកស្ទឹងលង់ស្លាប់ ទុកឲ្យប្រពន្ធក្លាយជាស្រីមេម៉ាយ កូនប្រុសស្រី៤នាក់ ក្លាយទៅជាកូនកំព្រាឪពុក។ ឧបទ្ទវហេតុនេះ កើតឡើងកាលពីវេលាម៉ោង១៦និង១៨នាទី ថ្ងៃទី២៩ វិច្ឆិកា២០១៨ នៅចំណុចក្នុងស្ទឹងខាងលិចវត្តកោះជុំ ស្ថិតក្នុងភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ការរៀបរាប់របស់បងស្រីយី សុផល មានអាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ បុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ឈ្មោះម៉ុយ សំ អាយុ៤៦ ឆ្នាំ ត្រូវជាប្តី បានផឹកស្រាស្រវឹង ជោកជាំ រួចពោលប្រាប់ខ្លួនថា រកចុះទៅងូតទឹកបន្តិចសិន មួយរំពេចនោះ បុរសជាប្តីក៏ដើរសំដៅទៅទឹកស្ទឹងក្បែរផ្ទះ លុះរូបគាត់ទៅងូតទឹក យូរពេក ប្រពន្ធកូនក៏ដើរសំដៅទៅមាត់កំពង់ទឹក ដែលជនរងគ្រោះចុះងូតស្រាប់ ឃើញតែខោអាវបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកស្រុក ចុះរាវរក ប្រទះឃើញសាកសព ដេកស្លាប់ក្នុងទឹកស្ទឹង ហើយនាំគ្នាយកអង្រឹងស្នែង សែងសាកសពមកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច ជាបន្ទាន់ ពីករណីរឿងនេះ។
លោកវរសេនីយ៍ឯក ឯម រុន អធិការស្រុកក្រគរ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និង លំនៅដ្ឋានរបស់ជនរងគ្រោះ ពិនិត្យឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយករណីលង់ទឹកស្លាប់ ដោយមូលហេតុស្រវឹងពិតប្រាកដមែន ៕