ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រី៖លើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន

13

សៀមរាប៖ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ឯកឧត្ដម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិ៕

អត្ថបទដែលជាប់ទាក់ទង