ប្រធានាធិបតីហ្វីលីពីន សន្យាដកប្រព័ន្ធមីស៊ីល Typhon របស់អាមេរិកចេញពីប្រទេស បើចិនបញ្ឈប់ «ឈ្លានពាន» នៅសមុទ្រចិនខាងត្បូង
ក្រុងម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាថាលោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅឱ្យសហរដ្ឋអាមេរិកវិញ ប្រសិនបើទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពឈ្លានពាន នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក Marcos បានលើកឡើងដូច្នេះថា «តោះ ធ្វើ កិច្ច ព្រមព្រៀង ជាមួយ ចិន៖ ឈប់ ទាមទារ ទឹកដី យើង… ឈប់ បំពានទូក យើង បញ្ឈប់ បាញ់កាណុង ទឹកលើ ប្រជាជន យើង ឈប់ បាញ់ ឡាស៊ែរមក លើ យើង ហើយ បញ្ឈប់ អាកប្បកិរិយា ឃោរឃៅ និង បង្ខិត បង្ខំ … ហើយ យើង នឹងប្រគល់ មីស៊ីល Typhon នេះឱ្យអាមេរិកវិញ»។
ការលើកឡើងនេះគឺជាការបង្ហាញជំហរដ៏ខ្លាំងក្លាបំផុតរបស់លោក Marcos ចំពោះចិនជុំវិញជម្លោះដែនសមុទ្រដែលកើតមាន ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ លោកបានរិះគន់ចិនចំពោះការបន្តអះអាង ស្ទើរតែ ទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលផ្ទុយនឹងសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលរកឃើញថាការទាមទាររបស់ចិនគ្មានមូលដ្ឋានច្បាប់។ ទោះជាយ៉ាងណា ចិនបានបដិសេធ ការចោទប្រកាន់របស់ហ្វីលីពីន និងបានអះអាងថា ខ្លួនមានសិទ្ធិលើតំបន់នោះ។
គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសហរដ្ឋអាមេរិក ទៅកាន់ប្រទេសហ្វីលីពីន កាលពីខែមេសាឆ្នាំមុន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Balikatan ហើយចាប់តាំងពីពេលនោះមក វានៅមានវត្តមាននៅក្នុងប្រទេសហ្វីលីពីន៕