ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីម៉ិកស៉ិកថា « Google ធ្វេីខុស » ជុំវិញការយល់ព្រមផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៉ិកទៅជា «ឈូងសមុទ្រអាមេរិក»

7

ម៉ិកស៉ីកូ៖ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ក្រុមហ៊ុន Google កំពុងធ្វេីខុសហេីយដែលយល់ព្រមផ្លាស់ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នៅលើកម្មវិធី Google Maps របស់ខ្លួន ទៅតាមបទបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៥។
Google កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានប្រកាសថា កម្មវិធីផែនទី Google Maps របស់ខ្លួន នឹងផ្លាស់ប្តូរឈ្មោះ របស់ឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) វិញ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះទីតាំងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក GNIS។ ទោះជាបែបនេះក្តី ឈ្មោះដែលត្រូវបានផ្លាស់ប្តូរនោះ នឹងត្រូវមើលឃើញតែ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នឹងបន្តរក្សាឱ្យនៅដដែល នៅក្នុងប្រទេសម៉ិកស៉ិក។ ដោយឡែក នៅក្រៅប្រទេសទាំងពីរនេះវិញ អ្នកប្រើប្រាស់អន្តរជាតិ នឹងមើលឃើញឈ្មោះទាំងពីរតែម្តង នៅលើកម្មវិធី Google Maps។
ក្នុងលិខិតមួយផ្ញេីទៅកាន់ក្រុមហ៊ុន Google លោកស្រី Sheinbaum បានលេីកឡេីងថា សហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវឈ្មោះដែនទឹក ដែលខ្លួនចែករំលែកជាមួយគុយបា បានឡេីយ។ យោងតាមប្រទេសម៉ិកស៉ិក ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក មិនស្របតាមច្បាប់ទេ ដោយសារអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ កំណត់ថាទឹកដីអធិបតេយ្យរបស់ប្រទេសនីមួយៗ លាតសន្ធឹងត្រឹមតែប្រហែល ២២គីឡូម៉ែត្រ ប៉ុណ្ណោះ ចេញពីឆ្នេរសមុទ្រ។
គួរបញ្ជាក់ លោកស្រី Sheinbaum និងលោក ត្រាំ ធ្លាប់ជជែកគ្នាអំពីការផ្លាស់ប្តូរឈ្មោះ នោះ ដែរ ហេីយកន្លងមកប្រធានាធិបតីម៉ិកស៊ិកមុន បាននិយាយលេងថា ប្រសិនបើប្រទេសនានាចាប់ផ្តើមផ្លាស់ប្តូរឈ្មោះនោះ ប្រហែលជាអាមេរិកខាងជើងគួរតែត្រូវបានគេហៅថា « អាមេរិកម៉ិកស៉ិក» តាមផែនទីនៃតំបន់ពីឆ្នាំ ១៦០៧៕

អត្ថបទដែលជាប់ទាក់ទង