ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះជួបពលរដ្ឋដាំស្វាយចន្ទីនៅខេត្តកំពង់ធំ និងកោតសរសើរការចងក្រងជាសហគមន៍ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

9


ភ្នំពេញ៖បន្ទាប់ពីឆ្មក់ចុះមើលការបូមទឹកដាក់ស្រែប្រាំងរបស់ប្រជាកសិករ នៅខេត្ត កណ្តាល និងខេត្តតាកែវ រួចកាលពីថ្ងៃ៣០មករាដោយឡែកនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះមិនបានប្រាប់ឱ្យអាជ្ញាធរដឹងមុនអញ្ជើញជួប ជា មួយ ប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្ម ទំនើប ប្រាសាទ សំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុក ប្រាសាទ សំបូរ ខេត្តកំពង់ធំ។
ចាប់តាំងពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រីមក ក្រៅពីបំពេញការងារផ្លូវការនានា ហើយនោះ សម្តេចមហាបវរធិបតី ក៏ចូលចិត្តឆ្មក់ចុះនៅតាមមូលដ្ឋានដោយមិន ប្រកាស មុនផងដែរ។ កុំថាឡើយមន្ត្រីជាន់ខ្ពស់ ជាន់ទាប សូម្បីអ្នកសារព័ត៌មាន ក៏មិន ឱ្យដឹង នោះដែរ។ ការមិនប្រកាសឱ្យដឹងមុននូវដំណើរចុះទៅកាន់កន្លែងណាមួយនេះ ដើម្បីស្វែងយល់ឱ្យដឹងពីការពិតជាក់ស្តែងពីវឌ្ឍនភាព ការងារ ក៏ដូចជាបញ្ហាក្នុងវិស័យ ទាំង ឡាយ។
នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋដាំស្វាយចន្ទីថ្ងៃនេះ មិនមានរៀបចំពិធីការអ្វីច្រើន នោះឡើយ សម្តេចនាយករដ្ឋមន្ត្រី អមដំណើរដោយមន្ត្រីពាក់ព័ន្ធមួយចំនួនតូច បានក្រាល តង់ ក្រោមដើមស្វាយចន្ទី ហើយជជែកត្រង់ទៅត្រង់មកជាមួយប្រជាពលរដ្ឋតែម្តង។ តាមរយៈវីដេអូ ដែលចែកចាយលើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសម្តែងមតិ និងលើកឡើងពីបញ្ហារបស់គាត់ផងដែរ។
ក្នុងវីដេអូនោះ ប្រជាពលរដ្ឋ បានបង្ហាញពីស្ថានភាពថែទាំក៏ដូចជាការប្រមូលផល ស្វាយចន្ទីរ មានភាពល្អប្រសើរជាងមុន ក្រោយពេលចូលរួមក្នុងសហគមន៍ទំនើប។
សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុង ចំណោម សហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលា វិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដី ផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើម ប្រមាណ ១,០០០តោន។
តាមរយៈបណ្តាញសង្គមនេះដែតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៣០ភាគរយ ជាមួយការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥ភាគរយ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោម ជ្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្ម វិធី គោល នយោ បាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែ ក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មាន សមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួត ប្រជែង ទាំង បរិមាណ និងគុណភាព។ ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាច ទទួលបានយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១) ក្រុមប្រឹក្សាគោល នយោបាយ សហគមន៍កសិកម្ម និងទី២) មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។
ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជា សហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្ម ទំនើប បានចំនួន៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ ត្រាំ កក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេច មេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហ គមន៍ ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាង ឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប ០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឆ្មក់ចុះទៅទីតាំងជាច្រើន ដូចជា ឆ្មក់ចុះ តាម ផ្លូវក្រវាត់ព្រំដែន ឆ្មក់ចុះមើលស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ ឆ្មក់ចុះ មើល ការ អប់រំនៅតាមសាលា ឆ្មក់ចុះមើលស្ថានភាពទេសចរណ៍ នៅក្នុងខេត្តសៀម រាបជា ដើម។
វិធីឆ្មក់ចុះពិនិត្យស្ថានភាពការងារជាក់ស្តែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឱ្យ មានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋខ្មែរ។ គេក៏បានមើលឃើញផងដែរថា ការ ជ្រើស យកវិធីឆ្មក់ ចុះតាមមូលដ្ឋាននេះ នឹងធ្វើឱ្យសម្តេចទទួលបានព័ត៌មានពិតជាក់ ស្តែងទាំងឡាយ។ ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ក៏មិនអាចភូតភរនាយករដ្ឋមន្ត្រី តាមតែរបាយការណ៍របស់ខ្លួននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង