ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin ត្រូវតុលាការអនុញ្ញាតឱ្យអាចធ្វើដំណើរទៅក្រៅប្រទេស

8

ក្រុងបាងកក៖ តុលាការមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បានផ្ដល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra អាចធ្វើដំណើរទៅក្រៅប្រទេស ដែលនេះជាករណីលើកលែង ដ៏កម្របំផុត សម្រាប់ជនជាប់ចោទម្នាក់ដែលកំពុងប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Thaksin មានអាយុ ៧៥ឆ្នាំ ធ្លាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច បន្ទាប់ពីលោកត្រឡប់ចូលប្រទេសថៃវិញកាលពីជាង២ឆ្នាំមុន ក្រោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយរូបលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ៦ខែក្រោយការធ្វើមាតុភូមិនិវត្តន៍។ ប៉ុន្តែ កាលពីឆ្នាំមុន លោកត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការអត្ថាធិប្បាយរបស់លោក នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីជាង៩ឆ្នាំមុន និងគ្រោងប្រឈមមុខនឹងសវនាការនៅខែកក្កដាខាងមុខ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ តុលាការមួយបានសម្រេចអនុញ្ញាតឱ្យលោក Thaksin អាចធ្វើដំណើរទៅក្រៅប្រទេស ដោយសំអាងទៅលើផលចំណេញនៃទំនាក់ទំនងអន្តរជាតិ ជាហេតុផលសម្រាប់ការធ្វើដំណើរទៅ ក្រៅប្រទេស ទោះបីជាមិនមានការបញ្ជាក់លម្អិតពីវត្ថុបំណងនៃដំណើរទស្សនកិច្ចក៏ដោយ។ តុលាការបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «តុលាការបានពិចារណា និងសម្រេចអនុញ្ញាតឱ្យជនជាប់ចោទ ចាកចេញពីប្រទេស ចន្លោះពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី៣ ខែកក្កដា ដែលនឹងមិនប៉ះពាល់ដល់សវនាការនោះទេ»។
គួរបញ្ជាក់ថា នៅក្រោមការអនុញ្ញាតពីតុលាការ លោក Thaksin ត្រូវតែរាយការណ៍ជូនអាជ្ញាធរថៃក្នុងរយៈពេល៣ថ្ងៃ ពីការត្រឡប់ចូលប្រទេសវិញ។ កាលពីខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង