ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកាណាដានិងម៉ិកស៉ិក ប្រកាសយកពន្ធសងសឹកលើទំនិញអាមេរិក ក្រោយការចេញបទបញ្ជារបស់លោក ត្រាំ

12

អូតាវ៉ា/ម៉ិកស៉ីកូ៖នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau និងប្រធានាធិបតីនៃប្រទេសម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននាំគ្នាប្រកាសវិធានការសងសឹកវិញ ប្រឆាំងលើទំនិញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធ២៥ភាគរយ ប្រឆាំងទំនិញរបស់ប្រទេសក្បែរខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក Trudeau បាននិយាយថា កាណាដានឹងសងសឹកវិញ តាមរយៈការយកពន្ធ២៥ភាគរយ លើទំនិញរបស់អាមេរិក មានចាប់តាំងពី ភេសជ្ជៈ គ្រឿងស្រវឹង រហូតដល់សម្ភារ និងឧបករណ៍ផ្សេងៗ។ បើតាមលោក Trudeau ទំនិញអាមេរិកទាំងនោះ គិតជាទឹកប្រាក់ ស្មើនឹង ១៥៥ពាន់លានដុល្លារកាណាដា ឬ១០៧ពាន់លានដុល្លារអាមេរិក។ ពន្ធលើទំនិញ ៣០ពាន់លានដុល្លារកាណាដា ក្នុងចំណោមនោះ នឹងត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយតែម្តង ពោលគឺដូចគ្នានឹងថ្ងៃចាប់ផ្តើមអនុវត្តពន្ធរបស់លោក ត្រាំ រីឯពន្ធលើទំនិញ ដែលនៅសល់១២៥ពាន់លានដុល្លារកាណាដាទៀត នឹងត្រូវអនុវត្តតាមក្រោយ ក្នុងរយៈពេល២១ថ្ងៃ។
លោក Trudeau បានបន្តថា កាណាដាក៏កំពុងពិចារណា វិធានការដទៃទៀតក្រៅពីការយកពន្ធ ផងដែរ។ ចំណែក លោកស្រី Sheinbaum វិញ បាននិយាយថា លោកស្រីបានបញ្ជាឱ្យ រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៉ិក អនុវត្តវិធានការយកពន្ធ រួមទាំងវិធានការ ក្នុងទម្រង់ផ្សេងទៀត ដើម្បីការពារផលប្រយោជន៍របស់ប្រទេសលោកស្រី ឆ្លើយតបចំណាត់ការពន្ធរបស់លោក ត្រាំ។ លោកស្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា រដ្ឋាភិបាលលោកស្រី មិនមានបំណងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ ប៉ុន្តែចង់បានកិច្ចសហប្រតិបត្តិការ និងការសន្ទនា។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់មេដឹកនាំកាណាដានិងម៉ិកស៉ិក ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ៣ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធ២៥ភាគរយ លើទំនិញនាំចូល ពីប្រទេសកាណាដា និងប្រទេសម៉ិកស៉ិក ព្រមទាំង១០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ជាហេតុបង្កហានិភ័យសង្រ្គាមពាណិជ្ជកម្ម ដែលក្រុមអ្នកជំនាញព្រមានថា អាចនឹងធ្វើឱ្យអន់ថយសន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយដុតបញ្ឆេះអតិផរណា សាជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង