បុរសម្នាក់ដុតខ្លួនឯងនៅស្តាតអូឡាំពិក ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្នំពេញ៖បុរសម្នាក់បានដុតខ្លួនឯងនៅស្តាតអូឡាំពិក កាលពីវេលាម៉ោង ៧៖២០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លត់ភ្លើង និងនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលដុតខ្លួនឯងនេះ មានឈ្មោះ កែវ សុខពៅ អាយុ ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ។ លំនៅឋានរបស់បុរសរូបនេះ ស្ថិតសង្កាត់វាលវង់ ខណ្ឌ៧មករា។
បើយោងតាមការបំភ្លឺរបស់ស្ត្រីឈ្មោះ កែវ ស្រីតូច ត្រូវជាបងស្រី បាន ប្រាប់ សមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់ គ្រឿង ញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃមកហើយ។
បច្ចុប្បន្នបុរសរូបនេះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គ្រូពេទ្យ បានឱ្យដឹងថា បុរសរូបនេះ ធ្លាប់ធ្វើសកម្មភាពដុត ខ្លួនឯងម្តងរួចមកហើយនៅម្តុំវិមានឯករាជ្យ៕