ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង រិះគន់លោក Rubio ហើយថានឹងមិនអត់ឱនឱ្យដាច់ខាតចំពោះទង្វើបង្ករឿងរបស់សហរដ្ឋអាមេរិក

13

សេអ៊ូល៖កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី៣ ខែកុម្ភ ៈបានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សម្រាប់ការហៅប្រទេសរបស់ខ្លួនថាជា «រដ្ឋគំរាមកំហែងដល់បណ្ដាប្រទេសដទៃ» ដោយ ចាត់ទុកការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិករូបនេះគ្មានន័យអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការរិះគន់ជាសាធារណៈជាលើកដំបូងលើរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា «យើងនឹងមិនអត់ឱនឱ្យដាច់ខាតចំពោះទង្វើបង្ករឿង របស់សហរដ្ឋអាមេរិក…យើងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។ ការរិះគន់នេះដែរដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កើតមានឡើងបន្ទាប់ពីលោក ត្រាំដែល បានស្បថចូលកាន់តំណែងកាលពីខែមុន បានលើកឡើងថាលោកនឹងទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុនសាជាថ្មី ក្រោយមេដឹកនាំទាំង២ធ្លាប់បង្កើតទំនាក់ទំនងនឹងគ្នាកាលពីអាណតិ្តទី១ របស់លោក ត្រាំ។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក Rubio បានលើកឡើងពីឈ្មោះកូរ៉េខាងជើង និងអ៉ីរ៉ង់ ថាជារដ្ឋដែលគំរាមកំហែងដល់បណ្ដាប្រទេសដទៃ ដែលអាមេរិកត្រូវតែដោះស្រាយជាមួយ នៅពេលធ្វើការសម្រេចចិត្តខាងគោលនយោបាយការបរទេស។ ជាការឆ្លើយតប អ្នកនាំពាក្យម្នាក់ក្រសួងការបរទេសកូរ៉េខាងជើងដដែល បានបន្ថែមថា «ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយហៅ DPRK (កូរ៉េខាងជើង) ថាជារដ្ឋគំរាមកំហែងដល់បណ្ដាប្រទេសដទៃ គឺគ្មានន័យអ្វីទាំងអស់ ហើយក្រសួងចាត់ទុកការលើកឡើងនេះជាទង្វើបង្ករឿងដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋ អធិបតេយ្យមួយ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែមករាកន្លងទៅ បាននិយាយថាលោកនឹងទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី និងបានហៅលោក គីមថាជាមនុស្សឆ្លាតម្នាក់។ កិច្ចប្រជុំកំពូលរវាង លោក ត្រាំ និងលោក គីម ក្នុងទីក្រុងហាណូយ កាលពីឆ្នាំ២០១៩ បានទទួលបរាជ័យ ហើយបើទោះជាលោក ត្រាំ បង្ហាញពីទំនោរចង់ជួបចរចាជាមួយលោក គីម ក៏ដោយ ក៏កូរ៉េខាងជើងនៅតែអះអាងថា នឹងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែទំនើប៕

អត្ថបទដែលជាប់ទាក់ទង