តារាតៃវ៉ាន់ដ៏ល្បី Barbie Hsu ហៅសាន់ឆាយ ទទួលមរណភាពហើយ
ក្រុងតៃប៉ិ៖តារាចម្រៀង និងសម្តែងតៃវ៉ាន់ អ្នកនាង Barbie Hsu អាយុ ៤៨ឆ្នាំ ដែលគេស្គាល់ថាជាតួអង្គសាន់ឆាយ ក្នុងខ្សែភាពយន្ត F4 អំឡុងឆ្នាំ២០០១ បានទទួលមរណភាពហើយ ដោយជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ដំបូងឡើយពាក្យចរចាមអារ៉ាមពីការស្លាប់របស់នាង ត្រូវបានចែកចាយពាសពេញអ៉ីនធឺណេត កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ហើយកាន់តែផុសផុលឡើងបន្ទាប់ពីអតីតស្វាមីរបស់នាង គឺលោក Wang Xiaofei បានប្តូររូបភាព Profile លើគណនីសង្គមរបស់គាត់ទៅជាពណ៌ខ្មៅ។ ក្រោយមក ដំណឹងមរណភាពនេះ ត្រូវបានបញ្ជាក់ដោយប្អូនស្រីតារារូបនេះ គឺអ្នកនាង Dee Hsu នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ។
អ្នកនាង Dee Hsu បានប្រាប់កម្មវិធីទូរទស្សន៍តៃវ៉ាន់ TVBS News ដូច្នេះថា «សូមអរគុណចំពោះការព្រួយបារម្ភពីអ្នកទាំងអស់គ្នា ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារយើង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ បងស្រីជាទីគោរព និងចិត្តល្អរបស់ខ្ញុំ Xiyuan (Barbie Hsu) បានទទួលមរណៈភាពជាអកុសល ព្រោះតែរលាកសួត ដោយសាជំងឺគ្រុនផ្តាសាយ»។
គួរបញ្ជាក់ថា អ្នកនាង Barbie Hsu ត្រូវបានគេស្គាល់ថាតារាសម្តែងស្រីដ៏ឆ្នើម ក្នុងរឿងភាគតៃវ៉ាន់ Meteor Garden (F4) កាលពីឆ្នាំ ២០០១ ដោយសម្តែងជាតួស្រីឈ្មោះ សាន់ឆាយ ជាមួយតារាប្រុស ៤នាក់ទៀត គឺ Jerry Yan, Vic Chou, Ken Chu និង Vanness Wu៕