ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច និងសមាគមឧកញ៉ាកម្ពុជា កោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលបំភ្លឺនៅថ្ងៃស្អែក ករណីលួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា

29

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នា ដើម្បីកោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ។
បើតាមលិខិតសមាគមឧកញ៉ាកម្ពុជា គឺ Love Riya ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡាញ ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំនាថ្ងៃស្អែក គឺនៅម៉ោង ៩:០០នាទីព្រឹក នៅការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ)។ គោលដៅនៃការប្រជុំនេះ គឺដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
ចំណែកលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) គឺតម្រូវឱ្យ Love Riya ចូលមកកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី០១ ក្រសួងមហាផ្ទៃ វេលាម៉ោង០៩:០០ នាទីព្រឹកដូចគ្នា។ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុ នៃការកោះហៅនេះនៅឡើយទេ។
ការកោះហៅអ្នកលក់ឡេរូបនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា ឧកញ៉ារូបនេះ បានលួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា៕

អត្ថបទដែលជាប់ទាក់ទង