សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់ ផលិតកម្មរោងចក្រម៉ូតូហុងដាឌ្រីម NCX
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ ម៉ូតូ ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ ឧស្សាហ កម្ម ផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេច ម៉ាក ហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័ស នៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុន បានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩។
ច្រវាក់ផលិតកម្មខ្នាតតូចនេះហើយ គឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន អិន ស៊ី អិច ពីការនាំចូលមកជាការដំឡើងម៉ូតូដោយខ្លួនឯង ក្នុងទម្រង់ពាក់ កណ្តាលសម្រេច (IKD)។ ក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការ របស់ខ្លួនជាមួយខ្សែច្រវាក់ផលិតកម្មធំជាងមុន ដោយការបង្កើន សមត្ថ ភាព ផលិតទាំងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD) និងពាក់កណ្តាល សម្រេច ១ (IKD1)។
បច្ចុប្បន្ននេះ អិន ស៊ី អិច មិនត្រឹមតែមានសមត្ថភាពក្នុងការដំឡើងម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្តើមផលិតគ្រឿងបន្លាស់ ម៉ូតូសំខាន់ៗក្រោមប្រព័ន្ធកម្រិតខ្ពស់ ( IKD1.5)ផងដែរ។
ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកកម្មករខ្មែរ នៅគ្រប់ខ្សែចង្វាក់ ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិកកម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។
ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជា ទៅកាន់ប្រទេសថៃជាដើម។
រីឯលក្ខខ័ណ្ឌការងារ គឺអនុវត្តន៍ទៅតាមច្បាប់ការងារ និងរក្សាបានបរិយាកាសការងារល្អ រួមទាំងសុវត្ថិភាពការងារ និងអនាម័យសំដៅធានានូវសុខភាព របស់បុគ្គលិកកម្មករបានល្អប្រសើរ។ ចំពោះប្រាក់បៀវត្ស ក៏មានលក្ខណៈសមរមស្របតាមស្ថានភាពសេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃផងដែរ។
លើសពីនេះ រោងចក្រក៏មានរៀបចំកន្លែងចម្រុះទឹកកខ្វក់ ឱ្យទៅជាទឹក ស្អាត មុនបង្ហូរចេញទៅលូសាធារណៈ ដើម្បីចូលរួមការពារបរិស្ថានឱ្យ បាន ល្អ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជាមួយការដំឡើងម៉ូតូបាន ៥០គ្រឿង ក្នុង មួយវេននៅឆ្នាំ១៩៩៩ កើនឡើងដល់ប្រមាណ ៨០០គ្រឿងក្នុងមួយវេន នៅ ឆ្នាំ២០១៥។
យោងតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ បុគ្គលិកជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ចំនួននេះ មានការកើនឡើងប្រមាណពី១៧ភាគរយ ទៅ២០ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុន បាន ផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែល សុទ្ធ សឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក៕