ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកចំណូលបានជាង ១ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២៤ កើនជិត៣០% និងជាប់លេខ២ លើពិភពលោក ដែលផលិតស្វាយចន្ទីច្រើនជាងគេ

10


ភ្នំពេញ៖ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបាន ចំណូលជាង១ពាន់លានដុល្លារ កើនឡើង២៦.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាម ទិន្នន័យដែលកត់ត្រាដោយ សមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកត់ត្រាការនាំចេញផ្លូវការបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកែច្នៃត្រូវបាននាំចេញ ក្នុងបរិមាណ២០២តោន ថយចុះ ៧៥.០៦%, គ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញក្នុងបរិមាណជាង៥៨ម៉ឺនតោន និងសំបកគ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញចំនួន២តោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ ន ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង៧៩ម៉ឺនតោន។
តែយ៉ាងនេះក្តី លោកបានលើកឡើងថា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅ ទៅឱ្យឈ្មួញបរទេស។ ទន្ទឹមគ្នានេះ សហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៀតថា មិនមានទុនបង្វិលគ្រប់គ្រាន់ សម្រាប់ ប្រជែងទិញគ្រាប់ស្វាយចន្ទីស្តុកទុកកែច្នៃ។ ប៉ុន្តែបណ្តារោងចក្របរទេស ដូចជារោងចក្ររបស់ជប៉ុន ចិន បានបង្កើនការកែច្នៃ តែទោះជាយ៉ាងណាក្តីចំនួននេះ នៅមានតិចតួចនៅឡើយ។
យោងតាមតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន២៥%នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។
លោក អួន ស៊ីឡុត បានលើកឡើងថា ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន ។ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។
លោកបន្ថែមថា «ឃើញថា រាជរដ្ឋាភិបាលបានជួយកសិករច្រើនហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាសំណូមពរជាចម្បងដែលសមាគមតែងតែគិតហ្នឹងគឺមានបីចំណុច ទី១. ចង់ឱ្យរាជរដ្ឋាភិបាលតាមរយៈធនាគាររដ្ឋ SME Bank ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជួយបញ្ចេញថវិកាដើម្បីផ្តល់ជូនដល់សហគ្រាសក្នុងការទិញគ្រាប់កែច្នៃ ដែលទុនបង្វិល ឱ្យទាន់ពេលវេលា ដើម្បីអាចមានលទ្ធភាពប្រជែងទិញគ្រាប់កែច្នៃ និងជួយទប់តម្លៃកសិផល កុំឱ្យឈ្មួញបរទេសទម្លាក់តម្លៃខ្លាំងពេក។ ទី២.ចង់ឱ្យរាជរដ្ឋាភិបាលពង្រីកសមត្ថភាពសហគ្រាស ផ្នែកធ្វើផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ដោយសារតែបច្ចុប្បន្នសហគ្រាសរបស់យើងនៅមានកម្រិត។ ទី៣.យើងសុំឱ្យរាជរដ្ឋាភិបាលលើកលែងពន្ធមួយចំនួនឱ្យដូចវិស័យស្រូវអង្ករ»។
បើតាម លោក អួន ស៊ីឡុត បច្ចុប្បន្ននេះកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម ដែលសមត្ថភាពផលិត៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ ។ ចំណែក ៤៤ សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជា មានចំនួន៧០ម៉ឺនហិកតា លើសការកត់ត្រារបស់ក្រសួងកសិកម្មដែលមានជាង៥៨ម៉ឺនហិកតា ដោយសារ ផ្ទៃដីដាំដុះថ្មីប្រមាណ១១% ក្រសួងមិនបានរាប់បញ្ចូលក្នុងទិន្នន័យនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង