ព្រះចៅអធិការវត្តទេពឧណ្ណារាម លួចប្រាក់កថិនរាប់សិបលានរៀល ហើយប្រឌិតរឿងថា មានចោរគាស់ទ្វារកុដិ ត្រូវចាប់ផ្សឹកនិងឃាត់ខ្លួន
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០វិច្ឆិកានេះបានឲ្យដឹងថា កម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បើកប្រតិបត្ដិការស្រាវជ្រាវ បំបែកសំណុំរឿងដ៏ក្ដៅគគុក ពាក់ព័ន្ធករណីក្លែងព័ត៌មានថា មានចោរចូលលួចយកវត្ថុមានតម្លៃ និងគាស់ទ្វារកុដិ អស់ប្រាក់រាប់សិបលានរៀល នៅក្នុងវត្តទេពឧណ្ណារាម ឃុំព្នាយ ស្រុកសំរោងទង។
សូមបញ្ជាក៉ថា កាលពីថ្ងៃទី២៩វិច្ឆិកា ២០១៨ វេលាម៉ោង14.27 នាទី មានព្រះសង្ឍមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បានមកប្តឹង នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថា មានចោរចូលគាស់ទ្វារកុដិ លួចយកសម្ភារ មានតម្លៃនិងប្រាក់រាប់សិបលានរៀល (ប្រាក់កឋិនទាន) ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតបំបែកសំណុំរឿង និងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែង តាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងតម្រុយភិនភាគស្លាកស្នាមមួយចំនួន កត់សម្គាល់ជនសង្ស័យជាដើមបណ្ដឹងតែម្ដងឈ្មោះ ម៉ន អឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ដែលបានប្រឌិតព័ត៌មាន និងបានរៀបចំភស្ដុតាងស្លាកស្នាមក្លែងបន្លំតែម្ដង ដោយបានយកប្រាក់អស់ចំនួន 16.050.000រៀល និងប្រាក់ដុល្លាចំនួន 900
ដុល្លារ ហើយគប់កញ្ចក់ទ្វារ ឲ្យបែកគាស់ទ្វារដែក។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាល ក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនីទោ សម សាមួន ស្នងការនគរបាលខេត្តបានចុះធ្វើការស្រាវជ្រាវបន្ថែម រហូតធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដោយខ្លួនឯង ពិតប្រាកដមែន(ផ្ទាល់ព្រះអង្គ) ។
បច្ចុប្បន្នមុខសញ្ញាខាងលើ ជំនាញបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាម នីតិវិធី៕