ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ពិតជាទទួលបានការគាំទ្រនិងសាទរពីប្រជាពលរដ្ឋ បើទោះបីជាការបើកសាកល្បងក្ដី

17


ភ្នំពេញ៖ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ពិតជាទទួលបានការគាំទ្រនិងសាទរពីប្រជាពលរដ្ឋ បើទោះបី ការបើកសាកល្បងនេះមិនទាន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ហើយថា នឹងបន្តរៀបចំឱ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែមចំពោះអ្វីខ្វះខាតនៃការរៀបចំផ្លូវថ្មើជើង(Walk street)ថ្មីនេះ។
ការលើកឡើងរបស់ឯកឧត្ដមម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្ដមកើត ឆែ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមម៉ប់ សារិន បន្តទៀតថា៖ បន្ថែមពីលើនេះរដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំលេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គីភ័យ បើទោះបី បានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរនិងកងម្លាំង យើងអាចទប់ស្កាត់និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អនិងទាន់ពេលវេលា។ ការងារនេះអនុវត្តបានល្អដោយមានការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរនិងមន្ទីរសុខាភិបាល។ សង្ឃឹមថា កិច្ចការងារនេះនឹងដំណើរការបានល្អនៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជម្ងឺក្រុនឈាម។
ឯកឧត្ដមម៉ប់ សារិន បានមានប្រសាសន៍បន្តទៀតថា៖សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួន ថាតើ ក្រុមប្រឹក្សាមានទំនាក់ទំនងបែបណាជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទីនិងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សា រាជធានី ខេត្ត មិនអាចដឹកនាំបញ្ជា ទៅលើអាជ្ញាធរនិងកងកម្លាំងនោះទេ។
ឯកឧត្ដមកើត ឆែ អភិបាលរាជធានីបានមានប្រសាសន៍ផងដែរថា៖ ការចាត់វិធានការលុបបំបាត់មូសខ្លា យើងអនុវត្តបានល្អប្រសើរហើយ អ្វីដែលត្រូវអនុវត្តបន្តអនុវត្តនោះ គឺសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធររបស់យើងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺគ្រុនឈាមនេះ។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ក្នុងនោះរួមមាន៖ ១- អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។ ២- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤។
៦- បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង