ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានបណ្តេញរដ្ឋមន្រ្តីទាំងឡាយណា ដែលធ្វើការមិនបានល្អ និងមិនបម្រើផលប្រយោជន៍ប្រជាជន

17

ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានព្រមានថា រដ្ឋមន្រ្តីទាំងឡាយណា ដែលបំពេញតួនាទី ដោយមិនយកចិត្តទុកដាក់ ហើយមិនបម្រើដល់ផលប្រយោជន៍របស់ប្រជាជន នោះនឹងត្រូវប្រឈមការបណ្តេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ការព្រមានខាងលើ គឺចំពេលរដ្ឋាភិបាលរបស់លោក Prabowo បានជួបបញ្ហាចម្រូងចម្រាសមួយចំនួន បន្ទាប់ពីរូបលោក ឡើងកាន់អំណាចបានត្រឹមជាង១០០ថ្ងៃ។ អំឡុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតីឥណ្ឌូណេស៉ី បាននិយាយដូច្នេះថា «ខ្ញុំបានព្រមានម្តងហើយម្តងទៀតថា អ្នកទាំងឡាយដែលនៅចចេសរឹងរូស ហើយមិនព្រមបំពេញតម្រូវការ របស់ប្រជាជន ឬមិនប្រកាន់ខ្ជាប់អភិបាលកិច្ចល្អ អំឡុងពេល១០០ថ្ងៃដំបូង នឹងចាំបាច់ត្រូវតែប្រឈមមុខជាមួយខ្ញុំ។ យើងបានព្យាយាមអត់ធ្មត់ អំឡុងពេល១០០ថ្ងៃដំបូង ដោយទុកឱកាសឱ្យ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋទាំងអស់ កែតម្រូវកំហុសផ្សេងៗដោយខ្លួនឯង»។
បន្ទាប់មក លោក Prabowo ក៏បានបន្ថែមទៀតថា «យើងចង់ឱ្យប្រជាជនទាមទារចង់បានរដ្ឋាភិបាល ដែលមានភាពស្អាតស្អំ ហើយ ធ្វើការងារបានល្អប្រសើរ។ ខ្ញុំក៏ចង់អនុវត្តបែបនេះដែរ។ ផលប្រយោជន៍ គឺមានតែផលប្រយោជន៍ជាតិ និងប្រជាជនប៉ុណ្ណោះ ដោយគ្មាន ផលប្រយោជន៍ដទៃទៀតឡើយ។ អ្នកណាដែលមិនចង់ធ្វើការបម្រើប្រជាជន ដោយពិតប្រាកដ ខ្ញុំនឹងបោសសំអាតពួកគេចេញ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៉ី រដ្ឋមន្រ្តីមួយចំនួន នៅក្នុងរដ្ឋាភិបាលលោក Prabowo ដែលបានបង្កឱ្យមាន បញ្ហាចម្រូងចម្រាស គឺរួមមានដូចជា រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការ លោក Budi Arie Setiadi ដែលកាលពីខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសួរចម្លើយដោយប៉ូលិស ពាក់ព័ន្ធដំណើរការស៉ើបអង្កេត ជុំវិញរឿងអាស្រូវភ្នាល់ល្បែងអនឡាញ នៅក្នុងក្រសួងទំនាក់ទំនង និងឌីជីថលូបនីយកម្ម ដោយសារលោក Budi ធ្លាប់ដឹកនាំក្រសួងនោះ អំឡុងពេលអតីតប្រធានាធិបតី លោក Joko Widodo នៅកាន់អំណាច។ រីឯនាពេលថ្មីៗនេះ លោក Prabowo ក៏ទើបតែបានកែប្រែឡើងវិញ នូវការសម្រេចចិត្តមួយ របស់រដ្ឋមន្រ្តីធនធានរ៉ែ និងថាមពល លោក Bahlil Lahadalia ពាក់ព័ន្ធការចែកចាយនិងលក់ធុងហ្គាស ដែលបង្កការមិនពេញចិត្ត ក្នុងចំណោមប្រជាជន ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Prabowo កំពុងដឹកនាំគណៈរដ្ឋមន្រ្តីមួយ ដែលមានទំហំធំបំផុត ក្នុងប្រវត្តិសាស្រ្តឥណ្ឌូណេស៉ី ដោយ រួមមានរដ្ឋមន្រ្តី៤៨រូប អនុរដ្ឋមន្រ្តី៥៦រូប ព្រមទាំងមន្រ្តីផ្សេងៗទៀត។ ដោយឡែក ទោះបីមានរឿងរ៉ាវចម្រូសច ម្រាសមួយចំនួនបែបនេះក្តី ការស្ទង់មតិកាលពីខែមករាកន្លងទៅ ដោយកាសែតក្នុងស្រុក Kompas បានរកឃើញថា ប្រជាជនឥណ្ឌូណេស៉ីដល់ទៅជិត ៨១ភាគរយឯណោះ ដែលគាំទ្រការដឹកនាំ១០០ថ្ងៃដំបូង របស់លោក Prabowo ដោយសារលោក បានចាប់ផ្តើមធ្វើតាមពាក្យសន្យា កាលពីពេលឃោសនាបោះឆ្នោត យ៉ាងឆាប់រហ័ស។ អត្រាគាំទ្ររបស់លោក Prabowo គឺខ្ពស់ជាង អត្រាចន្លោះ៦៥-៧៥ភាគរយ របស់លោក Widodo អំឡុងពេលកាន់អំណាច២អាណត្តិ ទៅទៀត ខណៈលោក Widodo ត្រូវបានចាត់ទុក ជាប្រធានាធិបតីដ៏មានប្រជាប្រិយមួយរូប៕

អត្ថបទដែលជាប់ទាក់ទង