សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានាធិបតីប្រទេសនេប៉ាល់
នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ប៊ីដយ៉ា ដេវី ប៉ាដារី (Bidhya Devi Bhandari) ប្រធានាធិបតីនៃប្រទេសនេប៉ាល់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកជំទាវដែល មានឱកាសបានជួបពិភាក្សា នៅក្នុងពេលទស្សនកិច្ចផ្លូវការនៅ នេប៉ាល់ពេលនេះ។ សម្តេចតេជោ បានជម្រាបផ្តាំ សួរសុទុក្ខអំពីព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកជំទាវផងដែរ ហើយសម្តេចក៏បានអរគុណ លោកជំទាវដែលបានផ្ញើសារអបអរសាទរខួប លើកទី៦៥នៃបុណ្យឯករាជ្យជាតិ នៃប្រទេសកម្ពុជាកន្លងទៅថ្មីៗនេះ។ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកស្រីប្រធានាធិបតីដែល បានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់។
សម្តេចតេជោ បានជម្រាបផងដែ រអំពីទស្សនកិច្ចផ្លូវកា រលើកដំបូងរបស់សម្ដេចនៅ ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជានិងនេប៉ាល់។ សម្ដេចតេជោ សង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ គឺនឹងពង្រឹងបាននូវទំនាក់ទំនង ទ្វេភាគីនៃប្រទេសទាំងពីរ ដែលក្នុងនោះ គឺប្រទេសយើងបានចុះ ហត្ថលេខាលើឯកសារ ៤ សំខាន់ៗកន្លងទៅថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសយើងទាំងពីរគឺមានលក្ខណៈ និងវប្បធម៍ប្រហាក់ប្រហែលគ្នា ដូច្នេះយើងអាចជំរុញបង្កើន នូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍ស៊ីវិល ដែលអាចជំរុញអោយមាន ការហោះហើរដោយផ្ទាល់ពីនេប៉ាល់ មកកម្ពុជានាពេលខាងមុខ។ ពីនេប៉ាល់ទៅកម្ពុជា គឺមានរយៈពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ។ កិច្ចព្រមព្រៀងអំពីការហោះហើរផ្ទាល់នេះ គឺជាគោលដៅជំរុញ និងលើកតម្កើងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស គឺបង្កភាពកាន់តែងាយ ស្រួលក្នុងដំណើរទស្សនកិច្ចពីកម្ពុជា មកកាន់ទឹកដីជាទីកន្លែង ដែលព្រះសម្មាសម្ពុទ្ធបានប្រសូត។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ រដ្ឋាភិបាលនេប៉ាល់ ដែលបានផ្តល់ដីមួយកន្លែង ឲ្យកម្ពុជាកសាងវត្តអារាម នៅប្រទេសនេប៉ាល់។ នៅពេលខាងមុខ សម្ដេចតេជោ និងក្រុមគ្រួសារ មានបំណងមកប្រទេសនេប៉ាល់ជាថ្មីម្ដងទៀត ដើម្បីបានទៅទីអារាម របស់កម្ពុជានៅទីនេះ។ ក្នុងនាម ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងក្នុងនាម សម្តេចតេជោ ផ្ទាល់ គឺសម្តេចបានអញ្ជើញ លោកជំទាវប្រធានាធិបតីទៅទស្សនកិច្ចនៅ ប្រទេសកម្ពុជានៅ ពេលដ៏សមស្របខាងមុខ។ លោកជំទាវប្រធានា ធិបតីបានទទួល យកនូវការអញ្ជើញនេះ។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវប្រធានាធិបតី ក៏បានថ្វាយព្រះពរ ដល់ព្រះមហាក្សត្រកម្ពុជា តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវប្រធានាធិបតី បានកត់សម្គាល់អំពី មគ្គុទ្ទេសក៍ភាពដ៏ ល្អរបស់សម្ដេចតេជោ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយលោកជំទាវក៏ចង់ឃើញ កម្ពុជាក្លាយជាប្រទេសមាន ការអភិវឌ្ឍន៍រីកចម្រើនខ្លាំង នៅពេលអនាគត។
ប្រទេសនេប៉ាល់បច្ចុប្បន្នក៏ជាប្រទេស ដែលមានសុខសន្តិភាពស្ថិរភាព ហើយបាននឹងកំពុងខិតខំព្យាយាម ជំរុញអោយមាន ការរីកចម្រើន ខាងវិស័យសេដ្ឋកិច្ច និងប្រែក្លាយជា ប្រទេសមួយដែល មានការទាក់ទាញ និងមានចំណូលមធ្យម នៅឆ្នាំ 2030 ខាងមុខនេះ។
លោកជំទាវប្រធានាធិបតីនេប៉ាល់ក៏ បានរំលឹកផងដែរថា ប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ ក៏មានប្រវត្តិតស៊ូដូចគ្នា ដោយសារជម្លោះនយោបាយ ប៉ុន្តែបច្ចុប្បន្ននេះ គឺប្រទេសយើងមានស្ថេរភាពហើយ ហើយលោកជំទាវក៏ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាពិតជា មានការអភិវឌ្ឍជាង ប្រទេសនេប៉ាល់នា ពេលសព្វថ្ងៃនេះ៕