លោក ត្រាំ ៖ សហរដ្ឋអាមេរិកនឹងទិញតំបន់ហ្កាហ្សា ហេីយប្រទេសមជ្ឈិមបូព៌ាអាចជួយក្នុងការងារសាងសង់ឡេីងវិញបាន
ក្រុងវ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ត្រូវបានសាងសង់ឡើងវិញដោយប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា « ខ្ញុំប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា។ ហេីយបេីនិយាយពីការងារសាងសង់តំបន់ឡើងវិញ យើងអាចប្រគល់ទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយផ្នែកខ្លះ តាមការណែនាំរបស់យើង។ ប៉ុន្តែ យើង ប្ដេជ្ញា ធ្វើ ជាម្ចាស់ លេីទីនោះ ហើយ ធ្វើ ឱ្យ ប្រាកដ ថា ក្រុម ហាម៉ាស មិន វិល ត្រឡប់ ទៅ វិញ »។ លោកបន្ថែមថា «គ្មានអ្វីឱ្យផ្លាស់ទីត្រឡប់ទៅវិញកេីតទេ។ កន្លែង នោះ ខ្ទេចខ្ទីទៅហេីយ ហេីយកន្លែងនៅសល់នឹងត្រូវកម្ទេចចោល»។
លោក ត្រាំ ក៏បាននិយាយផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួន ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាដោយផ្អែកលើករណីនីមួយៗ។
គួរបញ្ជាក់ថា ក្រោយការកត់សម្គាល់បែបនេះរបស់ លោក ត្រាំ សមាជិកនៃការិយាល័យនយោបាយហាម៉ាស់ បាននិយាយថា ហ្កាហ្សាមិនមែនជាដីធ្លីដែលត្រូវទិញ-លក់ នោះទេ។ វាជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីននឹងរារាំងផែនការផ្លាស់ទីលំនៅ៕