ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង៖ធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដល់ប្ញសគល់ ,គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ធានាថាជនបរទេសស្នាក់នៅក្នុងមូលដ្ឋានដោយស្របច្បាប់

33

ភ្នំពេញ៖ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់។
ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី ១០ កុម្ភៈ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្ករភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សំរាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។
ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ជាធម្មតាបទល្មើសកើតមានយើងត្រូវស្រាវជ្រាវ បង្ល្រាបហើយ។តែអ្វីដែលសំខាន់ទៀតនោះគឺ ការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស។ បើទីតាំងស្មុកស្មាញមានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ។
បន្ថែមពីនះ ឯកឧត្ដមឃួង ស្រេង នូវបានជំរុញឱ្យខណ្ឌទាំង១៤ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខមាលភាពប្រជាណលរដ្ឋ បើទោះបីយើងបើកយុទ្ធនាការ១លើកមកហើយកាលពីដើមខែមករាឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនិងការជំរុញឱ្យមានការផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើន ទូលំទូលាយនិងគ្រប់មធ្យោបាយពិសេសតាមតិចតុកផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ គឺជាទិវានៃក្តីស្រលាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង