ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីន ពីបណ្ឌិត្យសភាយោធា West Point ចងភ្ជាប់ទំនាក់ទំនងជាមួយ ក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ សភាយោធា West Point

13

ហ្វីលីពីន៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយលោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ច របស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។
ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើន ជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។
ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោក Cris Acosta និងក្រុមអតីតនិស្សិតសាលា West Point។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡើងពីបទពិសោធ នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើន របស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។
សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម អតីតនិស្សិតហ្វីលីពីន ពីសាលា West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង