ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាហាក់មិនបារម្ភ ចំពោះវិធានការដំឡើងពន្ធរបស់លោក ដូណាល់ត្រាំ, ទំនិញកម្ពុជានាំចេញទៅអាមេរិក បង់ពន្ធស្ទើរទាំងស្រុង , មន្ត្រីក្រសួងសេដ្ឋកិច្ចបញ្ជាក់

12


ភ្នំពេញ៖ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា មកដល់ពេលនេះ បន្ទាប់ពីលោក ដូណាល់ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មិនទាន់មានផលប៉ះពាល់អ្វីដល់ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅឡើយនោះទេ តែយ៉ាងណាកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពពាណិជ្ជកម្មពិភពលោក។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាហាក់មិនបារម្ភចំពោះវិធានការដំឡើងពន្ធលើទំនិញរបស់លោក ដូណាល់ត្រាំ ឡើយ ដោយសារតែទំនិញរបស់កម្ពុជា ដែលបាននាំចេញទៅអាមេរិក បានបង់ពន្ធស្ទើរតែទាំងស្រុងទៅហើយ។
ការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្ដមបានថ្លែងដូច្នេះថា «យើងនាំទៅអាមេរិកយើងបង់ពន្ធ មិនមែនអត់បង់ពន្ធទេ អីចឹងបើការដំឡើងពន្ធផ្សេង ដំឡើងដូចគ្នា គឺប៉ះដូចគ្នា។ យើងពិនិត្យតាមដាន វាយតម្លៃ និងដាក់ចេញវិធានការជាក់ស្តែង»។
សូមជម្រាបថា សហរដ្ឋអាមេរិកជាទីផ្សារធំជាងគេ ដែលទិញទំនិញពីកម្ពុជា។ ឆ្នាំ២០២៤ កម្ពុជាដោយបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៩៩១៦.១៨លានដុល្លារ ស្មើនឹង៣៧.១៩ភាគរយនៃទំហំក្នុងការនាំចេញទាំងមូលក្នុងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៨៨៩៧.៤៤លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង