វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា»សម្រេចបាន១៩ភាគរយហើយ
ភ្នំពេញ៖គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសម្រេចបាន៖ ១). ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
នៅដើមឆ្នាំ២០២៥ នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងគម្រោងការងារដែលគ្រោងទុក។
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ និងសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងមានក្រុមហ៊ុនក្វាងចូវវ៉ានអានជាទីប្រឹក្សាគម្រោង។
ផ្អែកតាមការគ្រោងទុក, ក្រោយពេលស្ពានត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការរួច នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
ស្ពាននេះ ក៏ជាសមិទ្ធផលស្ពានទី៧ នៅរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕